ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបពិភាក្សាជាមួយលោក Zhao Shujie លើវិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែសីហា ឆ្នាំ ២០២៣

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Agricultural Development Group កាលពីម្សិលមិញថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំនៃសាលាខេត្តពោធិ៍សាត់ ដើម្បីប្រជុំពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តពោធិសាត់។ លោកប្រធាន Zhao Shujie បានជម្រាបជូនអំពីគោលបំណងនិងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិនិយោគនៅក្នុងខេត្តពោធិសាត់ដែលជាខេត្តដ៏មានសក្តានុពលមួយ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់បានស្វាគមន៍ប្រតិភូក្រុមហ៊ុន Danong ដោយភាពកក់ក្តៅ និងពេញចិត្តជាមួយនឹងការគាំទ្រលើគម្រោងវិនិយោគកសិកម្មដ៏ធំនេះ ព្រោះស្របនឹងគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសខេត្តពោធិ៍សាត់ចង់បានក្រុមហ៊ុនវិនិយោគបែបនេះមកអភិវឌ្ឍន៍នៅក្នុងវិស័យទាំង៤ដូចជា ១)បង្កាត់ពូជសត្វនិងដាំដំណាំពោត ២)ដាំស្មៅសម្រាប់ចំណីសត្វនិងនាំចេញ ៣)ចិញ្ចឹមសត្វនិងសាច់សត្វនាំចេញ និង ៤)ដំណាំដំឡូងមីសម្រាប់នាំចេញជាដើម ព្រោះត្រូវនឹងភូមិសាស្រ្តនិងអាកាសធាតុនៅក្នុងខេត្តពោធិសាត់នេះតែម្តង។ ឯឧអភិបាលខេត្ត រងចាំទទួលនូវសំណើសុំ ក៏ដូចជាសំណូមពរនិងសេចក្តីត្រូវការរបស់ក្រុមហ៊ុនដែលអាជ្ញាធរខេត្តអាចសហការចូលរួមសម្របសម្រួលជួយដល់ក្រុមហ៊ុនបានក្នុងការចាប់ផ្តើមគម្រោងវិនិយោគ។ ទន្ទឹមនឹងនោះដែរ ឯឧអភិបាលខេត្ត ខូយ រីដា បានស្នើសុំឲ្យក្រុមហ៊ុនមានទីតាំងដីឈរជើងវិនិយោគ (ទិញ ជួលឬសហការ) នៅក្នុងខេត្តពោធិ៍សាត់ (ចំនួន១ម៉ឺនហិកតា) ឲ្យបានច្បាស់លាស់ដើម្បីចាប់ផ្តើមវិនិយោគនិងចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ ដើម្បីបង្កើនអោយមានជំនឿ និងទំនុកចិត្តរវាងក្រុមហ៊ុននិងប្រជាកសិករ និងរវាងក្រុមហ៊ុនជាមួយអាជ្ញាធរខេត្តពោធិ៍សាត់។ លោកប្រធាន Zhang Shujie បានថ្លែងអំណរគុណឯឧអភិបាលខេត្ត ខូយ រីដា ដែលបានទទួលស្វាគមន៍ដល់ប្រតិភូ Danong និងបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប (smart agriculture) នៅក្នុងខេត្តពោធិ៍សាត់៕

ព័ត៌មានទាក់ទង